Revelation of John 11

1បន្ទាប់មកខ្ញុំ​បាន​ទទួលដំបងមួយ​ដែល​ដូចជាឈើច្រត់​ក៏​មាន​គេ​និយាយ​មក​ខ្ញុំ​ថា៖ ​«ចូរ​ក្រោកឡើងហើយវាស់​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់និងកន្លែងថ្វាយតង្វាយព្រមទាំង​រាប់​ពួក​អ្នក​ដែលថ្វាយបង្គំនៅទីនោះ 2ប៉ុន្ដែចូរ​ទុកទីលានខាងក្រៅ​ព្រះ​វិហារ​ដោយ​ឡែកកុំវាស់ទីនោះឡើយដ្បិត​ទីនោះ​ត្រូវ​បាន​ប្រគល់ឲ្យសាសន៍ដទៃហើយ​ពួកគេ​នឹង​ជាន់ឈ្លីទីក្រុងបរិសុទ្ធ​អស់​រយៈពេល​សែសិប​ពីរ​ខែ 3យើងនឹង​ឲ្យអំណាចដល់សាក្សីពីរនាក់​របស់​យើងហើយ​ពួកគេ​នឹង​ថ្លែងព្រះបន្ទូល​អស់​រយៈពេល​មួយពាន់ពីររយហុកសិបថ្ងៃ​ទាំង​ស្លៀកសំពត់ធ្មៃ»។ 4អ្នកទាំងនេះជាដើមអូលីវ​ទាំង​ពីរនិង​ជា​ជើងចង្កៀង​ទាំង​ពីរដែលឈរនៅ​ពី​មុខព្រះអម្ចាស់នៃផែនដី 5បើមាន​អ្នកណាម្នាក់ចង់ធ្វើទុក្ខពួកគេ​នោះ​នឹង​មាន​ភ្លើងចេញពីមាត់ពួកគេ​មក​ហើយ​ឆេះបំផ្លាញ​ខ្មាំង​សត្រូវ​របស់​ពួកគេ។ ​ដូច្នេះ​បើ​មាន​អ្នកណាម្នាក់ចង់ធ្វើទុក្ខពួកគេ​អ្នក​នោះ​ត្រូវតែស្លាប់បែប​នេះ​ឯង 6អ្នកទាំងនេះមានអំណាច​នឹង​បិទមេឃមិន​ឲ្យ​មានភ្លៀងធ្លាក់ក្នុងអំឡុងពេលដែលពួកគេថ្លែងព្រះបន្ទូលហើយ​ក៏​មានអំណាចលើទឹក​ដើម្បី​ធ្វើឲ្យទឹកត្រលប់ទៅជាឈាមព្រមទាំងវាយប្រហារផែនដីដោយគ្រោះកាចគ្រប់យ៉ាង​ជា​ញឹកញាប់​តាមតែ​ពួកគេ​ចង់ 7កាលអ្នក​ទាំងនេះ​ធ្វើបន្ទាល់​របស់​ខ្លួន​ចប់​ហើយ​មាន​សត្វ​សាហាវឡើងពីទីជម្រៅមកច្បាំងជាមួយពួកគេ​ក៏​ឈ្នះពួកគេហើយសម្លាប់ពួកគេ​ផង 8ហើយសាកសព​របស់​ពួកគេនៅតាមផ្លូវក្នុងទីក្រុងដ៏ធំ​នោះ​ដែលខាងវិញ្ញាណហៅថាក្រុងសូដុមនិងស្រុកអេស៊ីព្ទ​ជា​កន្លែងដែល​បាន​ឆ្កាងព្រះអម្ចាស់របស់ពួកគេ 9មានមនុស្ស​មកពី​បណ្ដា​ជនជាតិ​បណ្ដា​កុលសម្ព័ន្ធ​បណ្ដា​ភាសានិង​បណ្ដា​ប្រទេសទាំងឡាយ​នឹង​មើលសាកសព​របស់​ពួកគេ​អស់​រយៈពេល​បីថ្ងៃកន្លះហើយមិនអនុញ្ញាតឲ្យយកសាកសព​របស់ពួកគេ​ទៅ​បញ្ចុះក្នុងផ្នូរឡើយ 10អស់អ្នកដែលរស់នៅលើផែនដី​ក៏​ត្រេកអរហើយ​នាំគ្នា​អបអរសាទរដោយសារពួកគេស្លាប់​រួច​ផ្ញើអំណោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មកពីព្រោះអ្នកនាំព្រះបន្ទូល​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ឲ្យ​អស់​អ្នកដែលរស់នៅលើផែនដីឈឺចាប់ 11ប៉ុន្ដែបីថ្ងៃកន្លះក្រោយមក​មាន​ដង្ហើមជីវិតចេញពីព្រះជាម្ចាស់ចូលមកក្នុងសាកសព​អ្នក​ទាំង​ពីរហើយ​ពួកគេ​ក៏ក្រោក​ឈរ​ឡើងរីឯ​អស់​អ្នកដែលឃើញពួកគេក៏មាន​សេចក្ដី​ភ័យខ្លាចជាខ្លាំង 12នោះអ្នក​ទាំង​ពីរ​បាន​សំឡេងមួយយ៉ាងខ្លាំងពី​លើ​មេឃ​មកកាន់​ពួកគេថា​ចូរ​ឡើងមកនេះ។ ​នោះ​ពួកគេ​ក៏​ឡើងទៅលើមេឃក្នុងពពកហើយសត្រូវ​របស់​ពួកគេ​ក៏​ឃើញដែរ 13នៅវេលានោះមានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើងហើយមួយ​ភាគ​ដប់នៃក្រុងនោះ​បាន​ដួលរលំមនុស្សប្រាំពីរពាន់​នាក់​បាន​ស្លាប់ដោយសារការ​រញ្ជួយ​ផែនដី​នោះ​រីឯ​អ្នក​ដែលសល់​ពី​ស្លាប់​បាន​ភ័យខ្លាចហើយថ្វាយសិរីរុងរឿង​ដល់​ព្រះជាម្ចាស់​នៃ​ស្ថានសួគ៌ 14សេចក្ដីវេទនាទីពីរ​បាន​កន្លង​ផុត​ទៅ​ហើយ​មើល៍សេចក្ដីវេទនាទីបី​នឹង​មកយ៉ាងឆាប់ 15បន្ទាប់មកទេវតាទីប្រាំពីរផ្លុំ​ត្រែ​ឡើង​នោះ​មានសំឡេងយ៉ាងខ្លាំងនៅស្ថានសួគ៌បន្លឺ​ឡើង​ថា៖ ​«នគររបស់លោកិយ​នេះ​បាន​ត្រលប់ជា​នគរ​របស់ព្រះអម្ចាស់​នៃ​យើងនិង​របស់​ព្រះ​គ្រិស្ដ​របស់​ព្រះអង្គហើយ​ព្រះអង្គ​នឹង​សោយរាជ្យរហូតអស់កល្បជានិច្ច»។ 16ពេលនោះ​ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់​ដែល​អង្គុយលើបល្ល័ង្ក​របស់​ខ្លួននៅ​ពី​មុខព្រះជាម្ចាស់​ក៏​ក្រាបផ្កាប់មុខហើយថ្វាយបង្គំព្រះជាម្ចាស់ 17ទាំងនិយាយថា៖ ​«​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់​ជា​ព្រះដែលគង់​នៅ​សព្វថ្ងៃនិងគង់​នៅ​តាំង​ពីដើមអើយ! ​យើង​ខ្ញុំ​សូម​អរព្រះគុណព្រះអង្គព្រោះ​ព្រះអង្គ​បាន​យកអំណាចដ៏​ធំ​ឧត្ដម​របស់​ព្រះអង្គហើយ​បាន​សោយរាជ្យ 18ប្រទេសទាំងឡាយមានកំហឹងប៉ុន្ដែ​សេចក្ដី​ក្រោធ​របស់​ព្រះអង្គ​បាន​មកដល់​ជា​ពេលកំណត់​ដែល​ត្រូវ​ជំនុំជម្រះ​មនុស្ស​ស្លាប់ហើយប្រទានរង្វាន់​ដល់​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ដល់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ដល់​ពួកបរិសុទ្ធ​និង​ដល់​ពួក​អ្នក​ដែល​កោតខ្លាចព្រះនាមព្រះអង្គ​ទាំង​តូច​ទាំង​ធំព្រមទាំងបំផ្លាញ​ពួក​អ្នក​ដែលបំផ្លាញផែនដី​ផង»។ 19ពេលនោះ​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់នៅស្ថានសួគ៌បើកចំហហើយ​ក៏​ឃើញហិបនៃកិច្ចព្រមព្រៀងរបស់ព្រះអង្គនៅក្នុង​ព្រះ​វិហាររួចមានផ្លេកបន្ទោរ​មាន​សំឡេង​មាន​ផ្គរលាន់​មាន​ការ​រញ្ជួយ​ផែនដីនិង​មាន​ព្រឹល​ធ្លាក់​យ៉ាងខ្លាំង
Copyright information for KhmKCB